តើខ្ញុំអាចចូលរួមបានទេ?
សូមទោសផង! ខ្ញុំមិនដឹងថាខ្ញុំមានសិទ្ធិនៅក្នុងទីនេះដែរ ឬអត់នោះទេ ប៉ុន្តែបន្ទាប់ពីខ្ញុំបានអានត្រួសៗទៅ ឃើញថាហាក់ដូចជាយ៉ាងម៉េចមិនដឹងទេ។ តាមខ្ញុំ បើសិនជាអាច យើងគួរស្វែងរកឯកសារយោងជាផ្លូវការមួយ ដើម្បីប្រើរួមគ្នាទៅ នោះប្រហែលជាងាយស្រួលច្រើន។ ខ្ញុំគិតថា គ្រប់ពាក្យទាំងអស់ក្នុងភាសាខ្មែរ ក៏ដូចជាក្នុងភាសាអង់គ្លេស និងភាសាដទៃផ្សេងទៀតដែរ គឺសុទ្ធតែមានប្រវត្តិរបស់វា ដែលអាចចាត់ទុកថាជាអត្តសញ្ញាណរបស់ពាក្យមួយៗ។ ដូច្នេះ ខ្ញុំគិតថា ប្រសិនអាច យើងគួរតែគិតអំពីរឿងនេះផង។ សម្រាប់ត្រង់ថា ពាក្យខ្លះសរសេរជាភាសាអង់គ្លេសតែអានតាមសូរបារាំង ក៏មកពីប្រវត្តិរបស់វាដែរ ។ កាលពីមុន ខ្មែរយើងប្រើភាសាបារាំង ច្រើនជាងអង់គ្លេស ដែលមានពាក្យបារាំងមួយចំនួនធំបានហូរចូលមក តាមរយៈវិស័យនានា ដូចជាភាសាអង់គ្លេសសក្នុងពេលនេះដែរ ហើយភាសាទាំងនោះក៏បានត្រូវប្រើយ៉ាងទូលំទូលាយដោយប្រជាជនខ្មែរ ដែលធ្វើឲវាក្លាយទៅជាពាក្យក្នុងភាសាខ្មែរ ដូចជាពាក្យ ម៉ាស៊ីន ម៉ូតូ ជាដើម ដែលប្រជាជនខ្មែរបានប្រើជាទូទៅ សឹងតែភ្លេចថា ពាក្យទាំងនោះខ្ចីពីបរទេសទៅហើយ ហើយអាចថា វាបានក្លាយទៅជាពាក្យខ្មែរ ដែលមានន័យស្មើនឹងពាក្យអង់គ្លេសថា machine, motorcycle នោះទៅហើយ។ ដូច្នេះ ចាំបាច់អីយើងទៅបង្កើត ពាក្យ មើស៊ីន ឬម៉ូធើសាយខល តាមសូរស័ព្ទអង់គ្លេសឲច្របូកច្របល់ប្រជាជនធ្វើអី។ សម្រាប់ពាក្យថ្មីដូចជា កុំព្យូទ័រ ហេតុអ្វីក៏មិនចំដូចសូរអង់គ្លេស ហើយពាក្យ ជប៉ុន ហេតុអ្វីមិនចប់ដូចសូរបារាំងនោះ គឺវែងឆ្ងាយទៀត។ ហើយនៅមានរឿងជាច្រើនទៀតដែលខ្ញុំគួរសិក្សា ប៉ុន្តែខ្ញុំគិតថា ខ្ញុំមិនគួរនិយាយអ្វីច្រើនទេ ព្រោះមិនដឹងថាមានសិទ្ធិនៅទីនេះដែរឬអត់ផង។ សូមអរគុណ! សូមរក្សានូវចំណងសាមគ្គី ដើម្បីខ្មែរតទៅទៀត។ ជម្រាបលា!